រដ្ឋមន្ត្រីក្រសួងសាធារណការបានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗ ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក
ភ្នំពេញ៖ ដើម្បីអនុវត្តឱ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការគន្លឹះសំខាន់ៗមួយចំនួន ក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដោយផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះ ទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាព សេដ្ឋកិច្ច និងសុវត្ថិភាព កាត់បន្ថយពេលវេលា និងចំណេញក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ដែលបានប្រារពធ្វើថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញការរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្ត និងបទដ្ឋានបច្ចេកទេសនានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្ត ការងារសម្រេចនូវសមិទ្ធផលជាច្រើន ជូនប្រទេសជាតិ និងរាជរដ្ឋាភិបាល ក្នុងនោះសមិទ្ធផលសំខាន់ៗ មានដូចជា៖ ការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទ ទាំងសេវាដឹកជញ្ជូនផ្លូវគោក សេវាដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ,សេវាពិសោធន៍សំណង់សាធារណការ និងអាជ្ញាបណ្ណផ្លូវថ្នល់,សេវាដឹកជញ្ជូនផ្លូវដែក និងសេវាបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ទន្ទឹមនេះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងការត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រកឃើញបទល្មើសមានការថយចុះធៀបនឹង ឆ្នាំ២០២៤។ ក្រសួងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ និងការដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិត នៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនផាសុកភាពក្នុងការធ្វើដំណើរ ព្រមទាំងបានធ្វើឱ្យករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការថយចុះក្នុងឆ្នាំ២០២៥ធៀបនឹងឆ្នាំ២០២៤ ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស៕





