៣២ ឆ្នាំហើយ កូកាកូឡា បានផ្តល់ភាពស្រស់ស្រាយដល់កម្ពុជា ទាំងតាមរយៈភេសជ្ជៈ និងការគាំទ្រសង្គម
រយៈពេលជាង ៣២ឆ្នាំ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) បានផ្តល់ភាពស្រស់ស្រាយ និងគាំទ្រដល់សហគមន៍កម្ពុជា ដោយមោទនភាព តាមរយៈភេសជ្ជៈដែលផលិតនៅកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ ថ្ងៃនេះ ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ និងការអភិរក្សបរិស្ថាននៅកម្ពុជា។

កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២៥ បុគ្គលិកក្រុមហ៊ុនជាង ៦០នាក់ បានរួមសហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) មន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដើម្បីដាំដើមឈើកំពស់ជាង ២ម៉ែត្រ ជាង ១០០ ដើម និងបរិច្ចាគកូនឈើចំនួន ៤០០ ដើម ជូនដល់សហគមន៍រុនតាឯកតេជោសែន ដែលជាទីក្រុងថ្មីនៃខេត្តសៀមរាប។
នេះជាការដាំបន្ថែម ពីលើដើមឈើចំនួន ១០០០ដើម ដែលបានដាំ និងបរិច្ចាគ កាលពីឆ្នាំ ២០២៤កន្លងទៅ។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយស្របតាមគន្លងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ក្រោមទិសស្លោក “ជម្រើសយើង អនាគតយើង” (Our choice, Our Future) និងបានបង្ហាញពី “ភាពម្ចាស់ការលើចីរភាព“។]

លោក Paulo Gaspar Rodrigues អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) បានថ្លែងថា «ជាង ៣២ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពិតជាមានមោទនភាព ដែលយើងខ្ញុំជាផ្នែកមួយនៃវឌ្ឍនភាពរបស់កម្ពុជា តាមរយៈការផ្តល់ភាពស្រស់ស្រាយដល់ប្រជាជនកម្ពុជាជាបន្តបន្ទាប់ ព្រមទាំងតបស្នងចំពោះសហគមន៍ដែលតែងតែស្វាគមន៍យើងខ្ញុំតាំងពីគ្រាដំបូងដែលយើងមកទីនេះ។ យើងខ្ញុំជឿជាក់ថា អនាគតដ៏ល្អប្រសើរមួយ ត្រូវផ្តើមចេញពីការសម្រេចចិត្តក្នុងថ្ងៃនេះ។ ដូចនេះ រាល់ដើមឈើដែលយើងបានដាំ នឹងជួយសហគមន៍យើងឱ្យរុងរឿង និងគាំទ្រដល់អនាគតមួយប្រកបដោយចីរភាពសម្រាប់កម្ពុជា»។ យើងបានឱ្យឈ្មោះកម្មវិធីនេះថា «ពលរដ្ឋល្អ» (Good Citizenship Program) ។